ការផ្លាស់ប្តូរចំពោះវិធានអាករលើតម្លៃបន្ថែម របស់សហភាពអឺរ៉ុប
សហភាពអឺរ៉ុប បានធ្វើការផ្លាស់ប្ដូរសំខាន់ៗមួយចំនួនចំពោះវិធានអាករលើតម្លៃបន្ថែមរបស់ខ្លួន ដែលបានចូលជាធរមាននៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021
តើការផ្លាស់ប្ដូរទាំងនេះប៉ះពាល់ដល់អាជីវកម្មណាខ្លះ?
អាជីវកម្មទាំងអស់នឹងរងផលប៉ះពាល់ ប៉ុន្តែការផ្លាស់ប្ដូរនេះ នឹងប៉ះពាល់ជាចម្បងទៅលើការលក់របស់អាជីវកម្មរវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់ (B2C) និងទីផ្សារអនឡាញដែលមានមូលដ្ឋាននៅក្រៅសហភាពអឺរ៉ុប ក៏ដូចជាអាជីវកម្មនៅសហភាពអឺរ៉ុបដែលលក់ទៅឱ្យអតិថិជននៅក្នុងសហភាពអឺរ៉ុប។*
ការផ្លាស់ប្ដូរទាំងនេះ អាចនាំឱ្យមាននីតិវិធីកាន់តែសាមញ្ញ និងកាត់បន្ថយបែបបទរដ្ឋបាលផងដែរ។ វាក៏អាចជះឥទ្ធិពលដល់របៀបដែលលោកអ្នកធ្វើអាជីវកម្មនៅក្នុងសហភាពអឺរ៉ុបផងដែរ។
ការផ្លាស់ប្តូរដ៏ធំបំផុតចំនួនបីរួមមាន៖
ចក្រភពអង់គ្លេស បានណែនាំឱ្យដឹងអំពីការផ្លាស់ប្ដូរចំពោះវិធានអាករលើតម្លៃបន្ថែមរបស់ខ្លួនរួចហើយកាលពីខែមករា ឆ្នាំ 2021 បន្ទាប់ពីខ្លួនបានចាកចេញពីសហភាពអឺរ៉ុប។ សម្រាប់ព័ត៌មានបន្ថែមស្តីពីការផ្លាស់ប្តូរទាំងនេះ សូម ទាញយកការណែនាំជារួមរបស់យើង។
1. ការលុបចោលការលើកលែងអាករលើតម្លៃបន្ថែម €22 សម្រាប់ការនាំចូល
តើវាមានន័យដូចម្តេច?
ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021 តទៅ អាករលើតម្លៃបន្ថែមនឹងត្រូវបានគិតថ្លៃលើទំនិញពាណិជ្ជកម្មទាំងអស់ដែលនាំចូលទៅកាន់សហភាពអឺរ៉ុប ដោយមិនគិតពីតម្លៃឡើយ។ សម្រាប់បញ្ញើទំនិញដែលមានតម្លៃ €150 ឬទាបជាងនេះ វាអាចត្រូវបានគិតថ្លៃនៅពេលលក់ផ្ទាល់ ដោយប្រើប្រាស់ប្រព័ន្ធ Import One-Stop Shop (IOSS) ឬប្រមូលពីអតិថិជនចុងក្រោយដោយប្រតិវេទន៍គយ (FedEx)។
តើវាអាចនឹងប៉ះពាល់ដល់អាជីវកម្មរបស់ខ្ញុំយ៉ាងដូចម្តេច?
ប្រសិនបើអាជីវកម្មរបស់លោកអ្នកមានមូលដ្ឋាននៅក្រៅសហភាពអឺរ៉ុប អតិថិជនរបស់លោកអ្នក នឹងមិនអាចនាំចូលបញ្ញើទំនិញដែលមានតម្លៃក្រោម €22 ទៅសហភាពអឺរ៉ុបដោយមិនបង់អាករលើតម្លៃបន្ថែមបានទេ។
តើវាអាចដំណើរការជាក់ស្ដែងយ៉ាងដូចម្តេច?
ឧទាហរណ៍
អាជីវកម្មតាមអនឡាញមួយនៅក្នុងប្រទេសចិនលក់ស្រោមជើងមួយគូតម្លៃ €10 ទៅឱ្យអតិថិជនដែលនៅសហភាពអឺរ៉ុប។
មុនថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021
បញ្ញើទំនិញ អាចត្រូវបាននាំចូលទៅក្នុងសហភាពអឺរ៉ុបដោយគ្មានអាករលើតម្លៃបន្ថែម ដោយសារតម្លៃសរុបនៃទំនិញតិចជាង €22។
បន្ទាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021
បញ្ញើទំនិញទាំងអស់ជាប់អាករលើតម្លៃបន្ថែមដោយមិនគិតពីតម្លៃទំនិញនោះទេ។ អាករលើតម្លៃបន្ថែម ត្រូវបានអនុវត្តតាមអត្រាតម្លៃដែលបានកំណត់នៅក្នុងប្រទេសដែលអតិថិជនរស់នៅ។
2. ការណែនាំ Import One-Stop Shop (IOSS)
តើវាមានន័យដូចម្តេច?
សម្រាប់បញ្ញើទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលមានតម្លៃ €150 ឬទាបជាងនេះ សហភាពអឺរ៉ុបកំពុងណែនាំឱ្យស្គាល់ប្រព័ន្ធថ្មីមួយទៀតដែលមានឈ្មោះថា Import One-Stop Shop (IOSS) សម្រាប់ការបញ្ចេញទំនិញពីគយ។ នេះនឹងអនុញ្ញាតឱ្យអ្នកលក់ ឬទីផ្សារអនឡាញនានា គិតថ្លៃអាករលើតម្លៃបន្ថែមនៅពេលលក់តែម្ដង ហើយផ្ទេរវាដោយផ្ទាល់ទៅអាជ្ញាធរ។ ការធ្វើបែបនេះ អាចធ្វើឱ្យដំណើរការនេះកាន់តែសាមញ្ញ និងមានតម្លាភាពសម្រាប់អតិថិជន និងជួយធានាឱ្យបាននូវនីតិវិធីគយប្រកបដោយប្រសិទ្ធភាព។
ប្រសិនបើប្រព័ន្ធ IOSS មិនត្រូវបានប្រើប្រាស់ទេ FedEx នឹងប្រមូលអាករលើតម្លៃបន្ថែមពីអតិថិជនមុនពេលដឹកជញ្ជូន ហើយបង់វាទៅឱ្យអាជ្ញាធរ។
តើវាអាចនឹងប៉ះពាល់ដល់អាជីវកម្មរបស់ខ្ញុំយ៉ាងដូចម្តេច?
ដើម្បីចុះឈ្មោះប្រើប្រាស់ IOSS អ្នកលក់ភាគច្រើនដែលមិនមែននៅសហភាពអឺរ៉ុបនឹងត្រូវចាត់តាំងអន្តរការីដើម្បីចុះឈ្មោះ និងប្រកាសអាករលើតម្លៃបន្ថែម ជំនួសឱ្យពួកគេ លុះត្រាតែពួកគេត្រូវបានបង្កើតឡើងនៅក្នុងសហភាពអឺរ៉ុបដោយផ្ទាល់។ បន្ទាប់មក ពួកគេនឹងត្រូវផ្ដល់លេខ IOSS របស់ពួកគេទៅកាន់អ្នកធ្វើប្រតិវេទន៍គយ (FedEx)។
អាករលើតម្លៃបន្ថែមសម្រាប់ការលក់បែបអាជីវកម្មរវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់ ឬ B2C របស់ពួកគេ ដែលនាំចូលទៅសហភាពអឺរ៉ុប នឹងត្រូវបានដាក់បញ្ជូនតាមរយៈការបង់ពន្ធប្រចាំខែនៅក្នុងរដ្ឋជាសមាជិកសហភាពអឺរ៉ុបដែលបានជ្រើសរើស ហើយនឹងបន្ទាប់មកបញ្ជូនបន្តនូវប្រតិវេទន៍អាករលើតម្លៃបន្ថែម និងការបង់ប្រាក់ទៅកាន់អាជ្ញាធរពន្ធ នៅក្នុងប្រទេសទីតាំងទិសដៅសហភាពអឺរ៉ុប។ ជាលទ្ធផល អាជីវកម្មនឹងលែងចាំបាច់ត្រូវចុះឈ្មោះសម្រាប់អាករលើតម្លៃបន្ថែមនៅគ្រប់ប្រទេសសហភាពអឺរ៉ុបដែលពួកគេលក់ទៅកាន់ទៀតហើយ។
តើវាអាចដំណើរការជាក់ស្ដែងយ៉ាងដូចម្តេច?
ឧទាហរណ៍
អាជីវកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅសហរដ្ឋអាមេរិក លក់គ្រឿងអេឡិចត្រូនិកដែលមានតម្លៃតិចជាង €150 ទៅឱ្យអតិថិជននៅក្នុងប្រទេសចំនួនប្រាំនៃសហភាពអឺរ៉ុប។
មុនថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021
អាជីវកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅសហរដ្ឋអាមេរិកនេះ មានកាតព្វកិច្ចចុះឈ្មោះ និងបង្កើតគណនីអាករលើតម្លៃបន្ថែមនៅក្នុងប្រទេសសហភាពអឺរ៉ុបនីមួយៗខាងលើ។
បន្ទាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021
អាជីវកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅសហរដ្ឋអាមេរិក អាចជ្រើសរើសបិទការចុះបញ្ជីអាករលើតម្លៃបន្ថែមបរទេសរបស់ខ្លួន និងចុះឈ្មោះ IOSS នៅក្នុងប្រទេសសហភាពអឺរ៉ុបណាមួយ ហើយគិតថ្លៃអាករលើតម្លៃបន្ថែមនៅពេលផ្គត់ផ្គង់តែម្ដង។ ឬអាជីវកម្មអាចបន្តធ្វើដូចរាល់ថ្ងៃនេះ ដោយឲ្យអតិថិជនរបស់ពួកគេបង់អាករលើតម្លៃបន្ថែមនៅពេលនាំចូល។
សំណួរអំពីប្រព័ន្ធ IOSS របស់អ្នកត្រូវបានឆ្លើយ៖
ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធ IOSS ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021 តទៅ លោកអ្នកត្រូវបញ្ចូលលេខ IOSS នៅពេលលោកអ្នករៀបចំដាក់បញ្ញើទំនិញរបស់លោកអ្នកតាមរយៈឧបករណ៍កក់អនឡាញ សម្រាប់បញ្ញើទំនិញ e-commerce B2C ទៅអឺរ៉ុបដែលមានតម្លៃរហូតដល់ €150 (ហើយមិនជាប់ពន្ធ Excise ទេ)។ បន្ទាប់មក FedEx/TNT នឹងផ្ដល់លេខនេះទៅកាន់គយតាមរយៈប្រតិវេទន៍ពន្ធគយ។
ប្រសិនបើលោកអ្នកប្រើប្រព័ន្ធដឹកជញ្ជូនស្វ័យប្រវត្តិណាមួយរបស់យើង លោកអ្នកអាចបញ្ចូលលេខ IOSS របស់លោកអ្នក នៅពេលអ្នករៀបចំកក់ការដាក់ញ្ញើទំនិញរបស់លោកអ្នកបាន។ សូមចំណាំថា វាគ្រាន់តែជាលេខ IOSS ចំនួន 12 ខ្ទង់ប៉ុណ្ណោះ ដែលយើងតម្រូវឱ្យមាន សូមកុំបញ្ចូលពាក្យ ‘IOSS’ មកជាមួយ។ ព័ត៌មានលម្អិតអំពីរបៀបធ្វើ អាស្រ័យតាមប្រព័ន្ធដែលលោកអ្នកកំពុងប្រើប្រាស់ ដូចខាងក្រោម៖
| ប្រសិនបើលោកអ្នកប្រើប្រាស់កម្មវិធី FedEx Ship Manager ដែលបានធ្វើទំនើបកម្មហើយTM នៅលើ fedex.com សូមបញ្ចូលលេខ IOSS របស់លោកអ្នកទៅក្នុងកន្លែងបញ្ចូលលេខសម្គាល់ពន្ធអ្នកផ្ញើទំនិញ។ |
| ប្រសិនបើលោកអ្នកប្រើប្រាស់ MyTNT2 សូមបញ្ចូលលេខ IOSS របស់លោកអ្នកទៅក្នុងកន្លែងបញ្ចូលលេខសម្គាល់ពន្ធអ្នកដាក់បញ្ញើទំនិញ។ |
| ប្រសិនបើលោកអ្នកប្រើប្រាស់ Toolbox សូមបញ្ចូលលេខ IOSS របស់លោកអ្នកនៅក្នុងកន្លែងបញ្ចូលអាករលើតម្លៃបន្ថែម។ |
| ប្រសិនបើលោកអ្នកប្រើប្រាស់កម្មវិធី Global Ship Manager សូមបញ្ចូលលេខ IOSS របស់លោកអ្នកនៅក្នុងកន្លែងបញ្ចូលអាករលើតម្លៃបន្ថែម/លេខសម្គាល់ពន្ធ/លេខ EIN។ |
| ប្រសិនបើលោកអ្នកប្រើប្រាស់ FedEx Web Services សូមបញ្ចូលលេខ IOSS របស់លោកអ្នកនៅក្នុងកន្លែងបញ្ចូលលេខ TIN។ |
| ប្រសិនបើលោកអ្នកប្រើប្រាស់ TNT ExpressConnect សូមបញ្ចូលលេខ IOSS របស់លោកអ្នកនៅក្នុងកន្លែងបញ្ចូលអាករលើតម្លៃបន្ថែម។ |
| ប្រសិនបើលោកអ្នកប្រើប្រាស់ដំណោះស្រាយដែលបានរួមបញ្ចូលរបស់យើង ដើម្បីបង្កើតឯកសារទិន្នន័យ EDI TNT និង NFF សូមបញ្ចូលលេខ IOSS របស់លោកអ្នកទៅក្នុងកន្លែងបញ្ចូល VAT។ |
| ប្រសិនបើលោកអ្នកប្រើប្រាស់ដំណោះស្រាយប្ដូរតាមបំណង TNT EDI ដើម្បីដឹកជញ្ជូនទំនិញ លោកអ្នកនឹងត្រូវទាក់ទងតំណាងផ្នែកលក់របស់ FedEx ដែលនឹងស្នើសុំឱ្យនរណាម្នាក់ពីក្រុមបច្ចេកវិទ្យាអតិថិជនរបស់យើងទាក់ទងទៅកាន់លោកអ្នកវិញ។ |
| ប្រសិនបើលោកអ្នកប្រើប្រាស់ប្រព័ន្ធផ្ទាល់ខ្លួនរបស់អ្នកដែលរួមបញ្ចូលជាមួយ ឧបករណ៍ស្ដង់ដាណាមួយរបស់យើង លោកអ្នកប្រហែលជាត្រូវកែតម្រូវការកំណត់ទីតាំងទិន្នន័យរបស់លោកអ្នកទៅនឹងកន្លែងបញ្ចូលដែលពាក់ព័ន្ធ។ ប្រសិនបើចាំបាច់ សូមទាក់ទងតំណាងផ្នែកលក់របស់ FedEx ដែលនឹងស្នើសុំឱ្យនរណាម្នាក់ពីក្រុមបច្ចេកវិទ្យាអតិថិជនរបស់យើងទាក់ទងទៅកាន់លោកអ្នកវិញ។ |
| ប្រសិនបើលោកផ្ញើទំនិញតាមរយៈអ្នកផ្ដល់សេវាដែលជាភាគីទីបី លោកអ្នកគួរតែទាក់ទងពួកគេ ដើម្បីឱ្យគេផ្ដល់ព័ត៌មានលម្អិត សម្រាប់ប្រព័ន្ធរបស់លោកអ្នក។ |
ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់ដំណោះស្រាយការដឹកជញ្ជូនដែលមិនបានរាយខាងលើ លោកអ្នកនឹងត្រូវប្ដូរទៅប្រើប្រព័ន្ធដែលអនុលោម សម្រាប់សេវាកម្មក្រុមហ៊ុនដែលអាចអនុវត្តបាន ដូចជាកម្មវិធី FedEx Ship Manager ដែលបានធ្វើទំនើបកម្មហើយTM នៅលើ fedex.com ឬ MyTNT2 ដើម្បីប្រើប្រាស់ IOSS បាន។
FedEx និង TNT អាចទទួលបានតែលេខ IOSS តាមរយៈដំណោះស្រាយស្វ័យប្រវត្តិកម្មលើអ៊ីនធឺណិតណាមួយរបស់យើងតែប៉ុណ្ណោះ។ លោកអ្នកមិនអាចដាក់បញ្ជូនបណ្ណដឹកជញ្ជូនផ្លូវអាកាសដោយដៃបានទេ ប្រសិនបើលោកអ្នកចង់ប្រើប្រាស់ IOSS។
សូមចំណាំថា ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021 តទៅ រាល់បញ្ញើទំនិញ/ផលិតផលទាំងអស់ផ្ញើទៅកាន់សហភាពអឺរ៉ុប តម្រូវឱ្យមាន តម្លៃប្រកាសពន្ធ និងវិក្កយបត្រពាណិជ្ជកម្ម លើកលែងតែ "ឯកសារ" ប៉ុណ្ណោះ។ សូមប្រាកដថា លោកអ្នកបង្ហាញតម្លៃពិតរបស់ទំនិញនៅក្នុងកន្លែងបញ្ចូល "ថ្លៃគយ" នៅលើបណ្ណដឹកជញ្ជូនផ្លូវអាកាស ដោយមិនរាប់បញ្ចូលថ្លៃដឹកជញ្ជូន និងថ្លៃផ្សេងទៀត។
សម្រាប់បញ្ញើទំនិញអាជីវកម្មរវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់ ឬ B2C ដែលប្រើប្រាស់ប្រព័ន្ធ IOSS គេក៏បានណែនាំឱ្យបញ្ចូលតម្លៃលក់ជាអឺរ៉ូ (€) នៅលើវិក្កយបត្រពាណិជ្ជកម្ម ដើម្បីជៀសវាងភាពខុសគ្នានៃអត្រាប្តូរប្រាក់នៅពេលនាំចូល។
ប្រសិនបើលោកអ្នកចង់បញ្ជូនទំនិញផ្ញើត្រឡប់មកវិញទៅក្រៅសហភាពអឺរ៉ុប នោះបណ្ណដឹកជញ្ជូនផ្លូវអាកាស (AWB) របស់ FedEx/TNT ថ្មី នឹងចាំបាច់ត្រូវបង្កើត ដោយភ្ជាប់ជាមួយបណ្ណដឹកជញ្ជូនផ្លូវអាកាស (AWB) ចាស់ ដែលបានរួមបញ្ចូលនៅក្នុងកន្លែងបំពេញការពណ៌នា ហើយត្រូវសម្គាល់យ៉ាងច្បាស់ថាជាបញ្ញើទំនិញត្រឡប់មកវិញ។
ប្រសិនបើលោកអ្នកមិនជ្រើសរើសប្រើប្រាស់ IOSS ទេ នោះ FedEx/TNT នឹងបង់អាករលើតម្លៃបន្ថែមសម្រាប់ការនាំចូលជំនួសឱ្យលោកអ្នកដោយប្រើគណនីទូទាត់មួយខែម្ដងរបស់ពួកយើងផ្ទាល់។ ការធ្វើបែបនេះ នឹងធានាថាយើងអាចដឹកជញ្ជូនបញ្ញើទំនិញរបស់លោកអ្នកបានលឿនតាមដែលអាចធ្វើបាន។ សូមចំណាំថា បន្ទាប់មក យើងនឹងចេញវិក្កយបត្រសម្រាប់ចំនួនចំណាយនេះទៅកាន់អ្នកទទួល ហើយនឹងមានសេវាថ្លៃរដ្ឋបាលសម្រាប់ដំណើរការនេះផងដែរ។ វានឹងអាចជាថ្លៃសេវាបង់ប្រាក់ជាមុន ឬថ្លៃសេវាទូទាត់ចំណាយជំនួស (ដែលជាផ្នែកមួយនៃការគិតថ្លៃសេវាបន្ថែម)។
សូមចំណាំផងដែរថា លោកអ្នកអាចចុះឈ្មោះក្រុមហ៊ុនរបស់លោកអ្នកដោយផ្ទាល់ជាមួយ IOSS ដោយមិនប្រើប្រាស់សេវាកម្មរបស់អន្តរការី ប្រសិនបើលោកអ្នកត្រូវបានបង្កើតឡើងនៅសហភាពអឺរ៉ុប ឬក៏ប្រើប្រាស់សេវាកម្មរបស់អន្តរការីផ្សេងទៀតក្រៅពីក្រុមហ៊ុនដែលផ្តល់ដោយ FedEx ដើម្បីបំពេញកាតព្វកិច្ច IOSS ដែលពាក់ព័ន្ធណាមួយ។
ដើម្បីចុះឈ្មោះប្រព័ន្ធ Import One-Stop Shop (IOSS) អាជីវកម្មគួរតែចុះឈ្មោះនៅលើ IOSS នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2021 ។ អាជីវកម្មដែលមិនបានបង្កើតឡើងនៅក្នុងសហភាពអឺរ៉ុប ជាធម្មតានឹងត្រូវតែងតាំងអន្តរការីដែលមានទីតាំងនៅសហភាពអឺរ៉ុប ដើម្បីបំពេញកាតព្វកិច្ចអាករលើតម្លៃបន្ថែម។
3. ទីផ្សារអនឡាញមួយចំនួនកំពុងក្លាយជាអ្នកប្រមូលអាករលើតម្លៃបន្ថែម
តើវាមានន័យដូចម្តេច?
ទីផ្សារដែលស្ថិតក្នុងវិសាលភាពនៃវិធានអាករលើតម្លៃបន្ថែមថ្មីរបស់សហភាពអឺរ៉ុបអាចជាប្រព័ន្ធអនឡាញ ដែលសម្រួលដល់ប្រតិបត្តិការលក់នានា។ ពួកគេអាចឱ្យអ្នកលក់ លក់ទំនិញរបស់ពួកគេទៅកាន់អតិថិជនដោយផ្ទាល់។
ឥឡូវនេះ ទីផ្សារមួយចំនួន ក្រៅពីអ្នកលក់របស់ពួកគេផ្ទាល់ នឹងទទួលខុសត្រូវចំពោះការប្រមូល រាយការណ៍ និងផ្ទេរអាករលើតម្លៃបន្ថែមដែលទូទាត់់ពីអតិថិជនចុងក្រោយមក ប្រសិនបើពួកគេចុះឈ្មោះក្រោមប្រព័ន្ធ IOSS។ បន្ទាប់មក IOSS នឹងអនុវត្តចំពោះការនាំចូលអាជីវកម្មរវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់ ឬ B2C នៃកញ្ចប់បញ្ញើដែលមានតម្លៃរហូតដល់ €150 ទៅកាន់សហភាពអឺរ៉ុប ដែលសម្របសម្រួលដោយទីផ្សារអនឡាញ។
តើវាអាចនឹងប៉ះពាល់ដល់អាជីវកម្មរបស់ខ្ញុំយ៉ាងដូចម្តេច?
ប្រសិនបើទីផ្សារបានជ្រើសរើស IOSS អាជីវកម្មដែលលក់តាមរយៈប្រព័ន្ធនេះ ត្រូវតែប្រើលេខ IOSS របស់ទីផ្សារ និងផ្តល់វាទៅកាន់ភាគីដែលទទួលខុសត្រូវក្នុងការធ្វើប្រតិវេទន៍គយ (FedEx)។
អាជីវកម្មដែលប្រើប្រាស់ទីផ្សារច្រើនប្រភេទដើម្បីលក់ទំនិញរបស់ពួកគេ គួរតែរក្សាភស្តុតាងច្បាស់លាស់អំពីការលក់ដែលបានធ្វើឡើងតាមប្រភេទទីផ្សារនីមួយៗ។ ពួកគេក៏គួរតែផ្ដល់លេខ IOSS ដែលត្រូវគ្នាសម្រាប់ការលក់នីមួយៗដល់ប្រតិវេទន៍គយផងដែរ។
តើវាអាចដំណើរការជាក់ស្ដែងយ៉ាងដូចម្តេច?
ឧទាហរណ៍
អាជីវកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមួយ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន លក់ថូមួយតម្លៃ €90 ទៅឱ្យអតិថិជនសហភាពអឺរ៉ុបតាមរយៈទីផ្សារអនឡាញដែលមានសិទ្ធិគ្រប់គ្រាន់ ដែលបានជ្រើសរើសប្រើ IOSS។
មុនថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021
អតិថិជនដែលទិញថូពីអ្នកលក់នេះ ទទួលខុសត្រូវក្នុងការបង់អាករលើតម្លៃបន្ថែមលើការទិញរបស់ពួកគេនៅពេលនាំចូល។
បន្ទាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021
ទីផ្សារដែលថូត្រូវបានដាក់លក់តាមរយៈការប្រើប្រាស់ IOSS និងទទួលខុសត្រូវក្នុងការប្រមូលអាករលើតម្លៃបន្ថែមពីអតិថិជននៅពេលលក់ ដោយធានាថាអាករនោះត្រូវបានបញ្ជូនទៅអាជ្ញាធរដែលពាក់ព័ន្ធ។
ព័ត៌មានលម្អិតបន្ថែមស្តីពីការប្រើប្រាស់ IOSS និងការផ្លាស់ប្តូរសំខាន់ៗផ្សេងទៀតចំពោះវិធានអាករលើតម្លៃបន្ថែមរបស់សហភាពអឺរ៉ុប អាចរកបានពី ការិយាល័យបោះពុម្ពផ្សាយរបស់សហភាពអឺរ៉ុប។
*ប្រទេសក្នុងសហភាពអឺរ៉ុបរួមមាន៖ អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ស៊ីប ឆែក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួរ ម៉ាល់តា ហូឡង់ ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ និងស៊ុយអែត។
សូមចំណាំថា ក្រោមលក្ខខណ្ឌនៃពិធីសាររួមនៃសហភាពអឺរ៉ុប-ចក្រភពអង់គ្លេស អៀរឡង់ខាងជើងនឹងនៅតែជាផ្នែកមួយនៃតំបន់អាករលើតម្លៃបន្ថែមរបស់សហភាពអឺរ៉ុបសម្រាប់ទំនិញនានាដដែល។ នេះមានន័យថា បទប្បញ្ញត្តិថ្មីទាំងនេះក៏នឹងអនុវត្តចំពោះទំនិញដែលនាំចូលទៅប្រទេសអៀរឡង់ខាងជើង ពីទីតាំងនានាជុំវិញពិភពលោកផងដែរ។
ព័ត៌មានដែលបានផ្តល់មិនមាន និងគ្មានបំណងបង្កើតជាដំបូន្មានផ្នែកច្បាប់ និង/ឬពន្ធទេ ផ្ទុយទៅវិញ ព័ត៌មាននេះគឺសម្រាប់គោលបំណងព័ត៌មានទូទៅតែប៉ុណ្ណោះ។ ព័ត៌មាននេះ អាចមិនមែនជាព័ត៌មានផ្នែកច្បាប់ ឬព័ត៌មានថ្មីបំផុតទេ។ អ្នកអានព័ត៌មាននេះ គួរតែទាក់ទងទីប្រឹក្សាផ្ទាល់របស់ពួកគេ ដើម្បីទទួលបានដំបូន្មានទាក់ទងនឹងបញ្ហាផ្នែកច្បាប់ និង/ឬពន្ធដារ ណាមួយ។ រាល់ការទទួលខុសត្រូវទាក់ទងនឹងសកម្មភាពដែលបានធ្វើ ឬមិនបានធ្វើឡើងដោយផ្អែកលើខ្លឹមសារនៃគេហទំព័រនេះ ត្រូវបានបដិសេធមិនទទួលខុសត្រូវនោះទេ។ ខ្លឹមសារនៅលើការបង្ហោះនេះត្រូវបានផ្ដល់ជូន “ដូចមានជាក់ស្ដែង” ដោយគ្មានការធានាណាមួយថា ខ្លឹមសារនេះគ្មានកំហុសនោះទេ។