កត់សម្គាល់ និងរាយការណ៍អំពីការក្លែងបន្លំ
ជនបោកប្រាស់អាចនឹងប្រើឈ្មោះ និមិត្តសញ្ញា ឬព័ត៌មានលម្អិតនៃបញ្ញើទំនិញរបស់ FedEx ដើម្បីធ្វើឱ្យអ៊ីមែល ការហៅទូរសព្ទ សារជាអក្សរ ឬគេហទំព័រ ឱ្យមើលទៅដូចរបស់ពិត។
FedEx មិនទាក់ទងអតិថិជនតាមរយៈសំបុត្រ អ៊ីមែល ឬសារជាអក្សរដែលផ្ញើមកដោយមិនបានស្នើសុំជាមុន ដើម្បីស្នើសុំព័ត៌មានចូលប្រើគណនី ព័ត៌មានលម្អិតនៃកញ្ចប់ទំនិញ ឬវិក្កយបត្រ ពាក្យសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនឡើយ។ ប្រសិនបើមានអ្វីមួយមិនប្រក្រតី សូមបញ្ឈប់សកម្មភាព។ សូមកុំឆ្លើយតប ចុចលើតំណភ្ជាប់ ស្កេន ឬបង់ប្រាក់។ ផ្ទៀងផ្ទាត់តាមរយៈគេហទំព័រ fedex.com ឬបណ្តាញផ្លូវការផ្សេងទៀតរបស់ FedEx។
អនុវត្តជំហានទាំងនេះដើម្បីសម្គាល់ និងជួយបង្ការការបោកប្រាស់៖
1. របៀបសម្គាល់ការក្លែងបន្លំ
ការក្លែងបន្លំ អាចនឹងទៅរកអ្នកតាមរយៈអ៊ីមែល ទូរស័ព្ទ សារជាអក្សរ ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬគេហទំព័រក្លែងបន្លំ។ នេះគឺជាស្ថានភាពទូទៅបំផុតដែលត្រូវប្រុងប្រយ័ត្ន។
ការក្លែងបន្លំវិក្កយបត្រ និងការបង់ប្រាក់
លោកអ្នកទទួលបានវិក្កយបត្រដែលមិនបានរំពឹងទុក ការជូនដំណឹងអំពីការបង់ប្រាក់យឺតយ៉ាវ ឬការស្នើឱ្យបង់ថ្លៃដឹកជញ្ជូន ថ្លៃដឹកជញ្ជូនឡើងវិញ ថ្លៃពន្ធគយ ឬថ្លៃសេវាគយនានា។ សារនេះ អាចនឹងដាក់សម្ពាធលោកអ្នកឱ្យធ្វើសកម្មភាពភ្លាមៗ ប្រើប្រាស់តំណភ្ជាប់បង់ប្រាក់ដែលមិនធ្លាប់ស្គាល់ ឬផ្ញើប្រាក់ទៅគណនីផ្ទាល់ខ្លួនណាមួយ។
អ៊ីមែល ឬសារក្លែងក្លាយ
សារមើលដែលទៅដូចជាការជូនដំណឹងអំពីការដឹកជញ្ជូន ឬការចេញវិក្កយបត្ររបស់ FedEx។ វាស្នើឱ្យលោកអ្នកបើកឯកសារភ្ជាប់ ចុចលើតំណភ្ជាប់ ស្កេនកូដ QR ចូលប្រើគណនី ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានអំពីការបង់ប្រាក់។
ការហៅទូរស័ព្ទក្លែងក្លាយ
អ្នកហៅទូរសព្ទមកដែលអះអាងថាមានបញ្ហាលើការដឹកជញ្ជូន គណនី ឬវិក្កយបត្ររបស់លោកអ្នក។ ពួកគេ អាចនឹងស្នើសុំព័ត៌មានលម្អិតគណនី លេខកូដសម្ងាត់ប្រើបានតែម្ដងៗ ឬការបង់ប្រាក់ ឬអះអាងថាកញ្ចប់ទំនិញដែលមានឈ្មោះរបស់លោកអ្នក គឺមានទំនិញខុសច្បាប់។
គេហទំព័រក្លែងក្លាយ
គេហទំព័រ ចម្លងពណ៌ និមិត្តសញ្ញា ទំព័រតាមដានការដឹកជញ្ជូន ឬទំព័រចេញវិក្កយបត្ររបស់ FedEx។ អាសយដ្ឋានគេហទំព័របែបនេះ អាចនឹងមានពាក្យបន្ថែម ខុសអក្ខរាវិរុទ្ធ ឬកំណែដែលបានផ្លាស់ប្ដូរបន្តិចបន្តួចនៃ fedex.com។
ការផ្ដល់ជូនការដឹកជញ្ជូនក្នុងតម្លៃទាបដែលមិនបានផ្ទៀងផ្ទាត់
អ្នកលក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬកម្មវិធីផ្ញើសារណាមួយផ្តល់ជូននូវ “អត្រាតម្លៃសម្រាប់បុគ្គលិក” “អត្រាតម្លៃសម្រាប់សាជីវកម្ម” ឬសេវាកម្ម FedEx ដែលមានការបញ្ចុះតម្លៃលើសលប់។ សូមប្រុងប្រយ័ត្នចំពោះការផ្តល់ជូនដែលមិនបានផ្ទៀងផ្ទាត់ និងច្រកបង់ប្រាក់ខុសពីធម្មតា។
សញ្ញាទូទៅនៃការក្លែងបន្លំ
- សំណើសុំប្រាក់ ព័ត៌មានសម្រាប់ចូលគណនី ឬព័ត៌មានផ្ទាល់ខ្លួន
- ការដាក់សម្ពាធឱ្យធ្វើសកម្មភាពជាបន្ទាន់ បង់ប្រាក់ឥឡូវនេះ ឬរក្សាកិច្ចការនេះជាការសម្ងាត់
- ការគំរាមកំហែងចាប់ខ្លួន ចាត់វិធានការផ្លូវច្បាប់ ការផ្អាកគណនី ឬការរឹបអូសកញ្ចប់ទំនិញ
- សំណើឱ្យបង់ប្រាក់តាមរយៈការផ្ទេរតាមធនាគារ បណ្ណអំណោយ រូបិយប័ណ្ណគ្រីបតូ (Crypto) ឬគណនីផ្ទាល់ខ្លួន
- អ្នកផ្ញើទំនិញ អ្នកហៅទូរស័ព្ទ ឬគេហទំព័រដែលមិនត្រូវគ្នានឹងបណ្ដាញផ្លូវការរបស់ FedEx
- តំណភ្ជាប់ ឯកសារភ្ជាប់ ឬកូដ QR ដែលមិនបានរំពឹងទុក
- សំណើសុំពាក្យសម្ងាត់ លេខគណនី កូដសម្ងាត់កាតរបស់លោកអ្នក ព័ត៌មានចូលគណនីធនាគារ ឬកូដសម្ងាត់ប្រើបានម្ដងៗ
- ព័ត៌មានលម្អិតអំពីបញ្ញើទំនិញ វិក្កយបត្រ ឬគណនីដែលមិនត្រូវគ្នានឹងអ្វីដែលលោកអ្នកឃើញបន្ទាប់ពីចូលទៅគណនីតាមរយៈបណ្ដាញផ្លូវការរបស់ FedEx
ធ្វើសកម្មភាពមួយៗ ហើយពិនិត្យមើល
សារ អាចមើលទៅមានលក្ខណៈមានវិជ្ជាជីវៈ ប៉ុន្តែនៅតែអាចជាសារក្លែងបន្លំ។ កុំពឹងផ្អែកតែទៅលើនិមិត្តសញ្ញា FedEx ឈ្មោះអ្នកផ្ញើទំនិញ លេខសម្គាល់អ្នកហៅទូរស័ព្ទ ឬលេខតាមដានការដឹកជញ្ជូន។ ផ្ទៀងផ្ទាត់តាមរយៈគេហទំព័រ fedex.com ឬបណ្តាញផ្លូវការផ្សេងទៀតរបស់ FedEx។
2. របៀបការពារខ្លួនលោកអ្នក
បញ្ឈប់
កុំឆ្លើយតប ចុចលើតំណភ្ជាប់ ទាញយក ស្កេន ឬបង់ប្រាក់។
ផ្ទៀងផ្ទាត់
ចូលទៅកាន់គេហទំព័រ fedex.com ដោយផ្ទាល់។ លោកអ្នក អាចតាមដានបញ្ញើទំនិញ ពិនិត្យមើលវិក្កយបត្រ និងពិនិត្យមើលព័ត៌មានលម្អិតនៃគណនីនៅទីនោះបាន។ សម្រាប់ជំនួយបន្ថែម សូមទាក់ទង ផ្នែកជំនួយអតិថិជន។
ការពារព័ត៌មានរបស់លោកអ្នក
សូមចាត់ទុកលេខគណនី FedEx របស់លោកអ្នក ដូចជាលេខកាតឥណទានដែរ។ សូមកុំចែករំលែកវាជាសាធារណៈ ឬទៅឱ្យបុគ្គលដែលមិនបានផ្ទៀងផ្ទាត់ច្បាស់លាស់។ សូមកុំចែករំលែកពាក្យសម្ងាត់ លេខសម្ងាត់កាត ព័ត៌មានលម្អិតសម្រាប់ការចូលគណនីធនាគារ ឬលេខកូដសម្ងាត់ប្រើបានម្ដងៗរបស់លោកអ្នកឱ្យសោះ។
បញ្ជាក់សំណើបង់ប្រាក់
បញ្ញើទំនិញមួយចំនួន អាចនឹងតម្រូវឱ្យមានបង់ពន្ធគយ អាករ ឬការគិតថ្លៃផ្សេងទៀតដែលស្របច្បាប់។ ពិនិត្យមើលបញ្ញើទំនិញ វិក្កយបត្រ និងចំនួនទឹកប្រាក់តាមរយៈគេហទំព័រ fedex.com ឬបណ្តាញផ្លូវការមួយទៀតរបស់ FedEx មុនពេលបង់ប្រាក់។
ការពារគណនីរបស់លោកអ្នក
ប្រើពាក្យសម្ងាត់ដែលរឹងមុំា និងមានតែមួយគត់ ព្រមទាំងបើកដំណើរការការផ្ទៀងផ្ទាត់ពីរជំហាន ប្រសិនបើមាន។ ពិនិត្យមើលបញ្ញើទំនិញ វិក្កយបត្រ ព័ត៌មានលម្អិតនៃគណនី ការចូលប្រើសម្រាប់អ្នកប្រើប្រាស់ និងសកម្មភាពចេញវិក្កយបត្រ សម្រាប់គ្រប់យ់ាងដែលលោកអ្នកមិនស្គាល់។
ប្រើប្រាស់ក្រុមហ៊ុនផ្ដល់សេវាដែលទទួលបានសិទ្ធិអនុញ្ញាត
សូមកុំទិញសេវាកម្ម FedEx ពីអ្នកលក់ដែលមិនបានផ្ទៀងផ្ទាត់ច្បាស់លាស់។ សូមចាត់ទុក អត្រាតម្លៃទាបខុសពីធម្មតា និងការបញ្ចុះតម្លៃសម្រាប់ "បុគ្គលិក" ឬ "សាជីវកម្ម" ដែលមិនផ្លូវការ ថាជាសញ្ញាព្រមាន។
3. បណ្តាញផ្លូវការរបស់ FedEx
ប្រើប្រាស់បណ្តាញផ្លូវការរបស់ FedEx ដើម្បីតាមដានបញ្ញើទំនិញ ពិនិត្យមើលវិក្កយបត្រ ឬព័ត៌មានលម្អិតនៃគណនី បញ្ជាក់សំណើបង់ប្រាក់ និងទាក់ទងផ្នែកសេវាបម្រើអតិថិជន។ សូមកុំប្រើព័ត៌មានលម្អិតនៃទំនាក់ទំនងដែលបានផ្តល់នៅក្នុងការទំនាក់ទំនងដែលគួរឱ្យសង្ស័យ។
fedex.com
ចូលទៅកាន់គេហទំព័រ fedex.com រួចជ្រើសរើសប្រទេសរបស់លោកអ្នក។ អ្នកអាចតាមដានបញ្ញើទំនិញ ពិនិត្យមើលវិក្កយបត្រ ពិនិត្យមើលព័ត៌មានលម្អិតនៃគណនី និងចូលប្រើផ្នែកជំនួយអតិថិជនតាមរយៈគេហទំព័រផ្លូវការ។
ភ្នាក់ងារបម្រើសេវាអតិថិជន
ចុច ទីនេះ ដើម្បីទាក់ទងមកកាន់យើងខ្ញុំ។
បណ្ដាញសង្គម និងបណ្ដាញផ្ញើសារផ្លូវការ
សូមប្រើតែបណ្ដាញសង្គម ឬបណ្ដាញផ្ញើសារដែលមានក្នុងបញ្ជីនៅលើ fedex.com ឬបញ្ជាក់ដោយផ្នែកសេវាបម្រើអតិថិជន។ ឈ្មោះប្រវត្តិរូប និមិត្តសញ្ញា ឬសញ្ញាសម្គាល់ការផ្ទៀងផ្ទាត់តែមួយមុខ គឺមិនបញ្ជាក់ថាគណនីនោះពិតប្រាកដនោះទេ។
4. របៀបរាយការណ៍ការសង្ស័យថាមានការក្លែងបន្លំ
អ៊ីមែល ឬសារជាអក្សរដែលគួរឱ្យសង្ស័យ
បញ្ជូនអ៊ីមែលដែលគួរឱ្យសង្ស័យបន្តទៅកាន់អាសយដ្ឋានអ៊ីមែលនេះ abuse@fedex.com។ សម្រាប់សារជាអក្សរដែលគួរឱ្យសង្ស័យ សូមផ្ញើលេខទូរស័ព្ទអ្នកផ្ញើទំនិញ រូបថតអេក្រង់ និងតំណដែលមើលឃើញណាមួយទៅកាន់អាសយដ្ឋានអ៊ីមែលនេះ abuse@fedex.com។ ប្រសិនបើអាច សូមភ្ជាប់អ៊ីមែលដើម ដើម្បីឱ្យព័ត៌មានផ្នែកក្បាលអ៊ីមែល ត្រូវបានរក្សាទុក។ សូមកុំចុចលើតំណភ្ជាប់ ឬបើកឯកសារភ្ជាប់។
អ្វីដែលត្រូវរំពឹង
abuse@fedex.com ត្រូវបានប្រើប្រាស់ដើម្បីប្រមូលព័ត៌មានអំពីការសង្ស័យថាមានការក្លែងបន្លំ និងការបន្លំទាញយកទិន្នន័យ។ វា មិនផ្ដល់ជំនួយអតិថិជនជាលក្ខណៈបុគ្គល ឬបើកសំណុំរឿងនៃសេវាបម្រើអតិថិជនទេ។ លោកអ្នក អាចនឹងទទួលបានតែការជូនដំណឹងនៃការបានទទួលអ៊ីមែលរបស់អ្នក ជាស្វ័យប្រវត្តិប៉ុណ្ណោះ។ ដើម្បីទទួលបានជំនួយពាក់ព័ន្ធនឹងបញ្ញើទំនិញ វិក្កយបត្រ ឬគណនី សូមចូលទៅកាន់គេហទំព័រ fedex.com ឬទាក់ទងផ្នែកជំនួយសេវាបម្រើអតិថិជនក្នុងតំបន់របស់លោកអ្នក។
ជំនួយសម្រាប់ករណីសង្ស័យណាមួយ
ដើម្បីទទួលបានជំនួយជាក់លាក់ទៅតាមករណី សូមប្រើគេហទំព័រ fedex.com ផ្លូវការ ឬទាក់ទងតាមខ្សែទូរស័ព្ទបន្ទាន់ផ្នែកសេវាបម្រើអតិថិជនសម្រាប់ប្រទេសរបស់លោកអ្នក។ សូមរក្សាព័ត៌មានលម្អិតដែលពាក់ព័ន្ធ ដូចជារូបថតអេក្រង់ លេខទូរស័ព្ទ អាសយដ្ឋាគេហទំព័រ តំណភ្ជាប់ប្រវត្តិរូប លេខតាមដានការដឹកជញ្ជូន វិក្កយបត្រ និងការណែនាំអំពីការបង់ប្រាក់។
ប្រសិនបើលោកអ្នកបានចែករំលែកព័ត៌មាន ឬបានធ្វើការបង់ប្រាក់
- សូមប្ដូរពាក្យសម្ងាត់ដែលរងផលប៉ះពាល់ និងបើកការផ្ទៀងផ្ទាត់ពីរជំហាន ប្រសិនបើមាន។
- សូមពិនិត្យមើលគណនី FedEx របស់លោកអ្នក សម្រាប់បញ្ញើទំនិញ វិក្កយបត្រ អ្នកប្រើប្រាស់ ឬការគិតថ្លៃដែលមិនធ្លាប់ស្គាល់។
- ទាក់ទងធនាគារ អ្នកចេញកាត ឬក្រុមហ៊ុនផ្ដល់សេវាបង់ប្រាក់របស់លោកអ្នកជាបន្ទាន់ ប្រសិនបើលោកអ្នកបានចែករំលែកព័ត៌មានបង់ប្រាក់ ឬបានផ្ញើប្រាក់។
- រាយការណ៍ឧបទ្ទវហេតុនេះទៅកាន់អាជ្ញាធរពាក់ព័ន្ធនៅក្នុងតំបន់នៃប្រទេសរបស់លោកអ្នក។
សំខាន់
ការរាយការណ៍ការសង្ស័យថាមានការក្លែងបន្លំជួយឱ្យ FedEx ពិនិត្យមើលការប្រើប្រាស់ឈ្មោះរបស់យើងដែលមិនត្រឹមត្រូវ។ ប្រសិនបើលោកអ្នកបានចែករំលែកព័ត៌មាន ឬបាត់បង់ប្រាក់ សូមទាក់ទងធនាគារ អ្នកផ្ដល់សេវាបង់ប្រាក់ ឬអាជ្ញាធរមូលដ្ឋានរបស់លោកអ្នកផងដែរ។
សេចក្ដីប្រកាសមិនទទួលខុសត្រូវ៖ សូមចំណាំថា FedEx មិនទទួលខុសត្រូវចំពោះការខូចខាត ការគិតថ្លៃ ឬថ្លៃចំណាយណាមួយដែលបានកើតឡើងចំពោះលោកអ្នក ដែលជាលទ្ធផលនៃសកម្មភាពក្លែងបន្លំក្រោមលេសប្រើឈ្មោះ ស្លាកសញ្ញាសេវាកម្ម ឬនិមិត្តសញ្ញារបស់ FedEx ឡើយ។